KSNEWS

KSNEWS

ឯកឧត្តម គួច ចំរើន ចូលរួមក្នុងការផ្តល់អនុសាសន៍ទាក់ទងនឹងបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិន

នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានអញ្ជើញដោយមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាង សន្តិភាព និងដោះស្រាយទំនាស់ ដើម្បីចូលរួមក្នុងការផ្តល់អនុសាសន៍ទាក់ទងនឹងបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិនក្នុងខេត្តព្រះសីហនុ ទៅថ្នាក់ដឹកនាំរដ្ឋខារែន នៃសហភាពមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក ជំទាវ ណ ស៊ូ សាណា ឡាឡាសូ (Naw Susanna HlaHla Soe) សមាជិកសភា នៃសហភាពមីយ៉ាន់ម៉ា ។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៧ សហភាពមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការវិនិយោគផែ្នកសេដ្ឋកិច្ចចិន (CMEC) នៅសហភាពមីយ៉ាន់ម៉ា ក្នុងចំណោម៣០គម្រោងដែលបានដាក់ស្នើ គឺមានតែគម្រោង៩ប៉ុណ្ណោះដែលត្រូវបានអនុម័ត។ គម្រោងសាងសង់តំបន់សក្តានុពលសេដ្ឋកិច្ច ជាផ្នែកមួយនៃគម្រោងដែលបានអនុម័ត ក្នុងនោះមានគម្រោង Shwe KoKo ស្ថិតនៅក្នុងតំបន់ Myawaddy ដែរ ដែលតំបន់នេះជាតំបន់ដែលមានប្រជាជនខារែនរស់នៅច្រើន។ ដោយសារគម្រោងនេះ មានការអភិវឌ្ឍន៍លឿន ដូច្នេះមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាង សន្តិភាព និងដោះស្រាយទំនាស់ បានរៀបចំដំណើរទស្សនកិច្ចសិក្សានៃថ្នាក់ដឹកនាំរដ្ឋខារែន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ ដោយសារតែខេត្តព្រះសីហនុ និងMyawaddy មានភាពស្រដៀងគ្នា ហើយជាតំបន់ដែលអ្នកវិនិយោគចិន បានដោះទុនវិនិយោគលើការសាងសង់អគារពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនប្រតិភូមីយ៉ាន់ម៉ាថាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រម ទាំងលើកកម្ពស់ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស ។ ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្ដួចផ្ដើម គោលនយោបាយ “ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ “ និង “ ផ្លូវសូត្រសមុទ្រ” សតវត្សរ៍ទី២១ របស់ ប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ទើបធ្វើឱ្យមានការដាក់ទុនវិនិយោគយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគជនជាតិចិននៅខេត្តព្រះសីហនុ មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិមួយយ៉ាងសំខាន់ ហើយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្សាន្តតាមឆ្នេរ សមុទ្រ មានកោះដ៏ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវគោក និងធនធានធម្មជាតិដ៏សំបូរបែប គម្រោងស្ថាបនាផ្លូវល្បឿនលឿនតភ្ជាប់ខេត្តព្រះសីហនុ ជាមួយរាជធានីភ្នំពេញដែលនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២២ខាងមុខនេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ខ្សែប្រវែង ៨៤.៥០៥គីឡូ ម៉ែត្រ ដែលសម្ដេចតេជោ ហ៊ុន សែន បានបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុង ៣៤ខ្សែ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ហើយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបើកកិច្ចប្រជុំចរចា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកចំហរឱ្យកាន់តែទូលាយក្នុងការធ្វើពាណិជ្ជកម្ម កាន់តែប្រសើរថែមទៀតរវាងកម្ពុជា-ចិន ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងផ្ដល់ឱកាសលំហូរ ទីផ្សារកាន់តែច្រើនដល់កម្ពុជា បន្ថែមលើអ្វីដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន ។ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិ រស់នៅ និងប្រកបរបរអាជីវ កម្មយ៉ាងសុខដុមរមនា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនជានិរន្តរ៍ ៕










Post a Comment

0 Comments