KSNEWS

KSNEWS

ល្បី​ថា​អាជ្ញាធរ​ខណ្ឌចំការមន​កំពុង​ព្យាយាម​លាក់បាំង​ទីតាំង​សំបុក​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ចំនួន​១០​កន្លែង​

​ល្បី​ថា​អាជ្ញាធរ​ខណ្ឌចំការមន​ដែលមាន​លោក ថេ​ង សុ​ថុ​ល ជា​ចៅហ្វាយខណ្ឌ​នោះ កំពុងតែ​ព្យាយាម​លាក់បាំង​ដល់ទី​តាំង​សំបុក​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ចំនួន​១០​កន្លែង កំពុងដំណើរការ​លេង​យ៉ាង​អនាធិបតេយ្យ​២៤​ម៉ោង​លើ​២៤​ម៉ោង នៅក្នុង​មជ្ឈមណ្ឌល ជីន​ស៊ឺ​ម៉ៅ ដែលមាន​ទីតាំង​ឋិត​នៅ​ខាងកើត​ជាប់​នឹង​ស្ថានទូត​អូស្ត្រាលី​តាម​បណ្តោយ​ផ្លូវ​លេខ​៧៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​សេចក្តីរាយការណ៍​ចេញពី​មហាជន​ធ្លាប់​ចេញចូល​ទីនោះ​ញឹកញាប់ ក៏​ដូច​ពី​អ្នករក​ស៊ី​រត់​រ៉ឺម៉ក​កង់​បី និង​ពី​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​ម៉ែត្រ​ជាច្រើន​នាក់ រង់ចាំ​ចាប់​ម៉ូយ​ជាប្រចាំ​នៅ​ទល់មុខ​មជ្ឈមណ្ឌល​ខាងលើ បាន​ឲ្យ​យើង​ដឹងថា នៅ​ខាងក្នុង​មជ្ឈមណ្ឌល ជីន​ស៊ឺ​ម៉ៅ នេះ​សំបូរ​ទៅដោយ​ភោជនីយដ្ឋាន ហាង​លក់ទំនិញ​ផ្សេងៗ​ជាច្រើន​បើក​រកស៊ី​ដោយ​ជនជាតិ​ចិន ។ ប៉ុន្តែ​ក្រៅពីនេះទៀត ពួកគាត់​ក៏បាន​សង្កេតឃើញ​ទីតាំង​មជ្ឈមណ្ឌល​មួយ​នេះ​ក៏​កំពុង​បង្កប់​បើក​វង់ល្បែង​ស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មាន​រហូត​ទៅដល់​ចំនួន​១០​កន្លែង​ឯណោះ ដែល​គេ​ដឹងថា​ម្ចាស់​ទីតាំង​បន​ល្បែង​ទាំងអស់នោះ​រកស៊ី​ដោយ​ជនជាតិ​ចិន ដោយ​គ្មាន​កោតញញើត​នឹង​ច្បាប់​ស្រុក​ខ្មែរ​បន្តិច​ណា​សោះឡើយ ដូចជា​មានការ​បើកដៃ​ពី​សមត្ថកិច្ច​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​ខ្លះ​របស់​ខណ្ឌចំការមន ឬ​ដោយសារ​មាន​ខ្នងបង្អែក​ធំ​កាង​ហើយ​មើលទៅ ។ ហើយ​គេ​បានឃើញ​ទីតាំង​ទាំងអស់នោះ​មាន​បំពាក់​ស្លាក​យីហោ​ដោយ ដាក់ឈ្មោះ ពាក្យ​នេះ ពាក្យ​នោះ ដើម្បី​ជាការ​បន្លំ​ភ្នែក​បង្វែរ​ដាន​គេឯង​ទៀតផង មើលទៅ​ហាក់ដូច​នៅ​ខាងក្នុង​គ្មានអ្វី​កើតឡើង​អីចឹង ។​

​ជាក់ស្តែង​បង្ហាញ​ឈ្មោះ​នូវ​ទីតាំង​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ទាំង​១០​កន្លែង​នោះ មាន​ជាអាទិ៍ ៖ ទី​១-​មាន​បំពាក់​ស្លាក​យីហោ​ឈ្មោះ មជ្ឈមណ្ឌល​កម្សាន្ត​កុមារ​ហ្គេម​វើ​លដ៍​, ទី​២-​យីហោ រស់ជាតិ​សឺ​ឈាន់​, ទី​៣-​យីហោ ស៊ុប​ចង្កាក់​យាយ​ទី​៧, ទី​៤-​យីហោ ទីក្រុង​គំនូរជីវ​ច​ល អ៊ី​ឆាយ​យៀន​, ទី​៥-​យីហោ មជ្ឈមណ្ឌល​កម្សាន្ត ហ្វ​ន់​ស្បុ​ក​, ទី​៦-​យីហោ ពិភព​គំនូរជីវ​ច​ល ធាន​ឡុង​, ទី​៧-​យីហោ ពិភព​ហ្គេម​អា​ហួយ​, ទី​៨-​យីហោ អ៊ី​ហឺ​តុង​ម៉ាន់​, ទី​៩-​យីហោ ទីក្រុង​គំនូរជីវ​ច​ល អ៊ី​ឆាយ រីឯ​ទីតាំង​បន​ល្បែង​ទី​១០​វិញ ម្ចាស់​ទីតាំង​មិន​សរសេរ​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ បែរជា​សរសេរ​ស្លាក​យីហោ​ជា​អក្សរ​ចិន​ទៅវិញ ប៉ុន្តែ​ទីតាំង​បន​ល្បែង​ទី​១០​នេះ ឋិត​នៅ​ទល់មុខ​នឹងទីតាំងបន​ល្បែង​ទី​៩​ហ្នឹង​ទេ ។ សូមបញ្ជាក់ថា ទីតាំង​បន​ល្បែង​ហ្គេម​បាញ់​ត្រី​ទាំង​១០​កន្លែង​នេះ ក៏​នៅមាន​បង្កប់​ល្បែង​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ប្រភេទ​ទៀតផង ដែល​បើកចំហ​រកស៊ី​ដោយ​ជនជាតិ​ចិន ។​

​ជុំវិញ​នឹង​បញ្ហា​សំបុក​ទីតាំង​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ទាំង​១០​កន្លែង​ខាងលើ កំពុងដំណើរការ​ប្រព្រឹត្ត​លេង​យ៉ាង​រលូន​មាន​ក្តី​សុខសាន្ត​បំផុត​នៅក្នុង​មជ្ឈមណ្ឌល ជីន​ស៊ឺ​ម៉ៅ នោះ​មានមតិ​មហាជន​ជាច្រើន​រស់នៅក្នុង​ក្រុងភ្នំពេញ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ចំការមន​ផ្ទាល់ សុទ្ធតែ​បាននាំគ្នា​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​ខ្លះ​របស់​ខណ្ឌចំការមន ក្នុងនោះ​មាន​លោក ថេ​ង សុ​ថុល ជា​ចៅហ្វាយខណ្ឌ និង​លោក យិន សាន មេ​ប៉ូលិស​ខណ្ឌចំការមន បែរជា​ធ្វើ​ហី នាំគ្នា​លាក់បាំង​ដល់ទី​តាំង​សំបុក​បន​ល្បែង​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំនៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់ខ្លួន​ទៅវិញ ។​

​ប្រជាពលរដ្ឋ​ទូទៅ​រស់នៅក្នុង​ខណ្ឌចំការមន ក៏ដូចជា​ក្នុង​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ពិនិត្យ និង​ដាក់បទបញ្ជា​បង្ក្រាប​ដល់​សំបុក​ទីតាំង​ហ្គេម​បាញ់​ត្រី​ចំនួន​១០​កន្លែង​នៅក្នុង​មជ្ឈមណ្ឌល ជីន​ស៊ឺ​ម៉ៅ ឲ្យ​មាន​ប្រសិទ្ធភាព​ផង ព្រោះ​ទីតាំង​សំបុក​បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខាងលើ​នោះ​នឹង​ពង្វក់​ដល់​ស្មារតី​យុវជន​ដែលជា​អនាគត​កូនចៅ​របស់​ពួកគាត់​កំពុង​សិក្សា​រៀនសូត្រ និង​ក៏​ដូច​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​សុទ្ធសឹង​កើតចេញពី​ការ​ចាញ់​ល្បែងស៊ីសង​នេះឯង ៕









Post a Comment

0 Comments