KSNEWS

KSNEWS

ក្រុមក្មេងស្ទាវជាង៧០នាក់ បានប្រមូលផ្ដុំគ្នាត្រៀមប្រើអំពើហិង្សារកាប់ចាក់គ្នា ត្រូវបាននគរបាលសង្ស័យឃាត់ខ្លួន














ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងកងរាជអាវុធខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវសង្ស័យចំនួន៧២នាក់ ព្រមទាំងដកហូតម៉ូតូចំនួន២៨គ្រឿង និងវត្ថុតាងរួមមាន ដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ដែលលាក់ទុកក្នុងព្រៃជាច្រើន។


ប្រតិបត្តិការការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ ផ្លូវបេតុង មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមក្មេងស្ទាវ-ក្មេងទំនើងប្រមូលផ្តុំគ្នាទាំងកណ្ដាលយប់នេះ បានប្រមូលផ្ដុំគ្នាត្រៀមទៅប្រយុទ្ធគ្នាជាមួយ ក្រុមក្មេងស្ទាវមួយក្រុមផ្សេងទៀត ក៏ប៉ុន្តែខណៈកំពុងប្រមូលផ្ដុំគ្នា កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កម្លាំងល្បាតពួនស្ទាកក្នុងភូមិសាស្រ្តស្មុគស្មាញក្នុងមូលដ្ឋាន ដោយមានការសង្ស័យឃើញមានការប្រមូលផ្ដុំគ្នាមនុស្សច្រើន ដោយសុទ្ធតែក្មេងស្ទាវ បានធ្វើការសួរនាំ ឃាត់ខ្លួន រហូតឈានដល់ការរកឃើញដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ជាច្រើនបានលាក់នៅក្នុងព្រៃក្នុងដីឡូត៍ ដើម្បីទុកត្រៀមកាន់ចាក់គ្នាផងដែរ។


ប្រតិបត្តិការនេះ កម្លាំងចម្រុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ សុធា វិសុទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៧២នាក់ និងម៉ូតូ២៨គ្រឿង និងរកឃេីញដាវនិងកាំបិតប៉័ងតោ ជំពាមកៅស៊ូ ជាង១០គ្រឿង។


បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់ចំនួន៧២នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments