KSNEWS

KSNEWS

នាយឧត្តមសេនីយ៍ នេត សាវឿន ប្តេជ្ញាអនុវត្តគោលនយោបាយភូមិ-ឃុំសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត













  ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានប្តេជ្ញាខិតខំអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិមកកម្ពុជាឲ្យកាន់តែមានសេចក្តីសុខស្រួលថែមទៀតផងដែរ។    នៅក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ១២  គ្រឿងដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី សាធារណរដ្ឋកូរ៉េ  នាថ្ងៃទី ២៦  ខែ វិច្ឆិកា  ឆ្នាំ ២០២០នេះ  ក្រោមអធិបតីភាពឯកឧត្តម  ថោង  ខុន  ទេសរដ្ឋមន្រ្តី  និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំនគរបាលទូទាំងប្រទេស ឯកឧត្តមសូមថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យដល់ស្នងការដ្ឋាននគរជាតិកម្ពុជា ដើម្បីយកទៅពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។    ឯកឧត្តមបានលើកឡើងទៀតថា« សូមប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជូនដល់ប្រទេសជាតិ ដើម្បីឲ្យប្រទេសជាតិទាំងមូលពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានសុខស្ថិរភាព សុវត្ថិភាពសង្គម ព្រមទាំងរួមចំណែក ដើម្បីកសាងបរិស្ថានសន្តិសុខមួយរឹងមាំ សម្រាប់ស្វាគមន៍ទទួលទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តលើទឹកដីកម្ពុជា កាន់តែច្រើននោះ»។  ជាមួយគ្នានោះដែរ ឯកឧត្តមថោង ខុន ក៏បានថ្លែងអំណរគុណចំពោះអង្គការ និងរដ្ឋបាលខេត្ត ឃ្យុងគីប្រទេសកូរ៉េ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យនេះដល់កម្ពុជា ហើយតាមរយៈរថយន្តនេះ នឹងធ្វើ ឲ្យការពន្លត់អគ្គិភ័យនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋនោះ។  សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះ នឹងផ្តល់ជូនដល់ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន៦  រួម មាន៖ ស្នងការដ្ឋាននគរបាល ខេត្ត កំពង់ធំចំនួន០៣ គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត កោះកុង ចំនួន  ០២  គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត កែប ចំនួន  ០២  គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ឆ្នាំង ចំនួន  ០២  គ្រឿង ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង ចំនួន ០២  គ្រឿង និងស្នងការដ្ឋាននគរបាលខេត្ត  រតនគីរីចំនួន០១ គ្រឿង៕

Post a Comment

0 Comments