KSNEWS

KSNEWS

តុលាការដោះលែងស្រ្តីម្នាក់ពាក់ព័ន្ធករណី រឿងខ្ចីលុយគេដល់ពេលសងមានតែសែកស្អុយ






ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា នៅព្រលប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកចៅក្រមឈ្មោះ កូយ សៅ បានចេញដីកាសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធនិងរឿងខ្ចីលុយកាក់គេរួចហើយដល់ពេលសងបំណុលបែរជាចេញសែកអត់មានប្រាក់សងទៅគេវិញ ។


ជនជាប់ចោទដែលលោកចៅក្រមតុលាការសម្រេចដោះលែងអោយមានសេរីភាពវិញនេះឈ្មោះ សន ថាន់សុធារី ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅស្ថានលេខ ២០៧ ផ្លូវ៣១បេតេ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។


លោកស្រី សន ថាន់សុធារី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌចាប់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនមកកាន់តុលាការកាលពីថ្ងៃអាទិត្យទី៧កុម្ភៈ ។ ក្នុងនោះក្រោយពីបានធ្វើការសាកសួររួច តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះ សន ថាន់សុធារី ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់ » ប្រព្រឹត្តនៅផ្ទះលេខ៦ ផ្លូវ ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី ១៥មិថុនា ឆ្នាំ២០១៩ និង១៥ កក្ដដា ឆ្នាំ២០១៩ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន ។

បន្ទាប់មកសំណុំរឿងនិងជនត្រូវចោទត្រូវបានបញ្ជូនអោយលោកចៅក្រម កូយ សៅ ជាចៅក្រមសើបសួរ ហើយនៅល្ងាចថ្ងៃទី ០៨កុម្ភៈ ឆ្នាំ២០២១នេះ លោកចៅក្រមបានចេញដីកាសម្រេចមិនឃុំខ្លួនឈ្មោះ សន ថាន់សុធារី ទេ ពោលគឺដោះលែងអោយមានសេរីភាពវិញ។


ពាក់ព័ន្ធនិងរឿងក្ដីនេះ ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា កាលពីថ្ងៃទី ១៥មិថុនា ឆ្នាំ២០១៩ និង១៥កក្ដដា ២០១៩ លោកស្រី សន ថាន់សុធារី បានទៅអង្វកឈ្មោះ ចាន់ ឧសភា ដល់ផ្ទះដើម្បីខ្ចីប្រាក់ចំនួន៦២ ០០០ ដុល្លារ បានសម្រេចបំណង ។ លុះដល់ថ្ងៃកំណត់សងប្រាក់វិញ លោកស្រី សន ថាន់សុធារី បានចេញសែកចំនួន៤សន្លឹកសងមកម្ចាស់បំណុលវិញ តែសែកនោះអត់មានលុយសោះទើបម្ចាស់បំណុលឆេះដុំរត់ទៅប្ដឹងសមត្ថកិច្ចនិងតុលាការអោយចាប់ខ្លួនលោកស្រីសន ថាន់សុធារី លុះពេលចាប់បានហើយ ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងបញ្ជូនរឿងទៅចៅក្រម ក៏ត្រូវចៅក្រមសើបសួរសម្រេចមិនឃុំខ្លួន និងដោះលែងជនជាប់ចោទទៅវិញ៕



Post a Comment

0 Comments