KSNEWS

KSNEWS

សមត្ថកិច្ចចុះបង្ក្រាបខារ៉ាអូខេ យីហោ អិច ឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ ព្រមថ្នាំញៀនមួយចំនួន











 



ភ្នំពេញ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកចុះប្រតិបត្តិការបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ អិច ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់។


ប្រតិបត្តិការនេះធ្វើឡើងដោយមានការបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២១៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានអោយដឹងថា មុនឈានដល់ការចុះបង្ក្រាបជាក់ស្ដែងបែបនេះទីតាំង ការ៉ាអូខេ យីហោ X អាជ្ញាធរមូលក៏បានចុះណែនាំរួចមកហើយដែរដោយធ្វើកិច្ចសន្យាឲ្យកែប្រែពីការ៉ាអូខេទៅជាភោជ្ជនីយដ្ឋានទើបអនុញ្ញាតអោយបើកដំណើរការឡើងវិញ និងយោងតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ អនាម័យការពារនៅជំងឺCOVID-19 ។


សូមបញ្ជាក់ផងដែរទីតាំងការ៉ាអូខេ យីហោ X នៅតែបន្តបើកជាធម្មតា ជាលក្ខណៈក្លឹបនិងការ៉ាអូខេ ដូច្នេះទើបកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានី បានចុះប្រតិបត្តិការបង្ក្រាប ជាក់ស្ដែងដោយ រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី៩៣នាក់ (ស្រី៤០នាក់) រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។


ក្រោយប្រតិបត្តិការទាំងវត្ថុតាង ទាំងមនុស្សត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។


គួរំលឹកផងដែរ កាលពី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង៦ល្ងាច កន្លងទៅ នៅចំណុចខារ៉ាអូខេ យីហោ X (អតីត ឌឹកព្រីវេ)  ផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះណែនាំនិងបិទទីតាំងនេះជាបណ្ដោះអាសន្នដើម្បីអោយកែប្រែពីការ៉ាអូខេទៅជាភោជ្ជនីយដ្ឋានទើបអនុញ្ញាតអោយបើកដំណើរការឡើង វិញ។បើម្ចាស់ទីតាំងមិនកែប្រែតាមការស្នើសុំនោះទេ នឹងបិទអាជីកម្មទាំងស្រុងនិងចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments