KSNEWS

KSNEWS

សមត្ថកិច្ចចុះពិនិត្យយានដ្ឋានជួសជុលរថយន្តចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រកឃេីញ៤០ទីតាំងខុសច្បាប់






ភ្នំពេញ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូន ចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់ត ចំនួន១១០ទីតាំងដោយរកឃេីញ៤០ទីតាំងខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វេីការបិទអាជីវកម្មនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានភ្នំពេញ។


ក្នុងប្រតិបត្តិការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រេីនរូបទៀត ។


លោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនអោយបានទាំងស្រុង ។ 


ដោយយោងទៅតាមការណែនាំនិងស្របតាមអនុសានស៍ ណែនាំបន្ថែមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបនៅថ្ងៃនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការចុះបិទអាជីវកម្មទីតាំងយានដ្ឋានកែច្នៃ ដែលនៅសេសសល់ មិនទាន់មានច្បាប់អនុញ្ញាតអោយអស់ទាំងស្រុង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខ មានយានដ្ឋានសរុបចំនួន ១១០ទីតាំង និងត្រូវធ្វើការបិទចំនួនជាង៤០ ដែលជាទីតាំងគ្មានច្បាប់អនុញ្ញាត ។

គួរបញ្ជាក់ថា យានដ្ឋានជួសជុលរថយន្តក្នុងរាជធានីភ្នំពេញសរុបមានចំនួន ៩៧១ គ្មានច្បាប់អនុញ្ញាតចំនួន៣៩០ ទីតាំង យានដ្ឋានកែច្នៃរថយន្តចំនួន ២៤ទីតាំង គ្មានច្បាប់អនុញ្ញាតចំនួន ២២ ទីតាំង ក្នុងនោះយានដ្ឋានស្ថិតក្នុងខណ្ឌសែនសុខមាន ១១០ ទីតាំង និងគ្មានច្បាប់អនុញ្ញាតជាង៤០ទីតាំង ៕

Post a Comment

0 Comments