KSNEWS

KSNEWS

អភិបាលរាជធានី ណែនាំឲ្យមន្ទីរសាធារណការ ស្ដារប្រឡាយមេនៅមុខស្ថានីយបូមទឹកទួលគោកទី២ និងពិនិត្យមើលប្រព័ន្ធលូទាំងអស់












      ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទួលគោកសហការគ្នាដើម្បីធ្វើការស្ដារប្រឡាយមេនៅមុខស្ថានីយបូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីនាំទឹកឲ្យបានលឿនមកកាន់ស្ថានីយជៀសវាងនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះ 

     

     ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាពលូនិងប្រឡាយដែលទទួលរងការលិចលង់ដោយទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

   

     លោកអភិបាលរាជធានី បានបញ្ជាក់ផងដែរថា ប្រឡាយនិងលូមេ តភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវប្រើគ្រឿងចក្រនិងសាឡង់២គ្រឿង ដើម្បីស្តារយកភក់ចេញពីបាតប្រឡាយ ពោលគឺសាឡង់មួយគ្រឿង ត្រូវចាប់ស្តារពីមុខស្ថានីយនិងមួយគ្រឿងទៀតផ្តើមស្តារចេញពីទីតាំងអគារអគ្គីសនីកម្ពុជាទួលគោក២ មកកាន់ស្ថានីយ៍បូមទឹកទួលគោកនេះដែរ។  ចំណែក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌជាអ្នកដោះស្រាយ ធ្វើយ៉ាងណា ការអនុវត្តគម្រោងនៃការស្ដារប្រឡាយនេះអោយបានរួចរាល់ក្នុងរយៈពេល៣ខែខាងមុខនេះ។

 

    សូមបញ្ជាក់ផងដែរក្រៅពីការជំរុញឲ្យមានការស្ដារ ប្រឡាយ

នេះហើយ លោក ឃួង ស្រេង ក៏បានជំរុញឲ្យដាក់

ប្រព័ន្ធលូ ទំហំ០២ម៉ែត្រ នៅលើបណ្ដោយផ្លូវ២៨៣ ក្នុងសង្កាត់បឹងកក់ទី១នេះផងដែរ ដើម្បីជំរុញឲ្យទឹកហូរបានលឿនចូលទៅកាន់ស្ថានីយទួលគោកទី២នេះ។


       ពាក់ព័ន្ធនឹងបញ្ហាប្រឡាយ លូនេះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំនិងជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូទាំងអស់នៅក្នុងតំបន់បឹងកក់នេះ ដើម្បីរកមូលហេតុនៃការលិចលង់ អោយឃើញ យើងឈានទៅរក ការដោះស្រាយធ្វើយ៉ាងណាកុំឲ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕

Post a Comment

0 Comments