KSNEWS

KSNEWS

អាជ្ញាធរខណ្ឌទួលគោក រៀបចំកន្លែង ដាក់សម្រាមចំនួន៨ទីតាំង ក្នុងមូលដ្ឋាន៦សង្កាត់ ខណៈកម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដធ្វើកូដកម្ម













     ភ្នំពេញ៖ លោក ឯក ឃុនដឿ អភិបាលខណ្ឌទួលគោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខណ្ឌទួលគោក

 សូមយកសំរាមមកដាក់នៅទីតាំង៨ទីតាំង ដែលអាជ្ញាធរបានរៀបចំជូន ក្នុងមូលដ្ឋាន៦សង្កាត់ ខណៈកម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ហើយបន្ទុកនេះត្រូវធ្លាក់លើអាជ្ញាធរ។


     លោកអភិបាលខណ្ឌទួលគោក បានបន្ដទៀតថា ប្រជាពលរដ្ឋត្រូវយកសំរាមមកទុកនៅទីតាំងដែលអាជ្ញាធរបានកំណត់ ហើយត្រូវវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ពោលត្រូវចងមាត់ថងឲ្យបានល្អ កុំឲ្យលេចធ្លាយដោយប្រការណាមួយ។


     ក្នុងឱកាសដឹកនាំកងកម្លាំង ចុះប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌ លោក ឯក ឃុនដឿន បានឲ្យដឹងថា ចំពោះទីតាំងសម្រាប់ទុកសំរាមទាំង៨កន្លែង រួមមាននៅ៖

  មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ មាន ០១ទីតាំង ដេប៉ូស្តុកសម្រាមនៅផ្លូវលេខ២០២ (ជាប់របងម៉ុងឌីយ៉ាល់

  មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ មាន ០១ទីតាំង ដេប៉ូស្តុកសម្រាមនៅផ្លូវលេខ១៣៨ (ជាប់របងវិទ្យាល័យសន្ធរម៉ុក)

  មូលដ្ឋានសង្កាត់ទឹកល្អក់ទី២ មាន ០១ទីតាំង ដេប៉ូស្តុកសម្រាមនៅផ្លូវលេខ២៦៥ (ក្រោយរបងមន្ទីរពេទ្យលោកសង្ឃ)

  មូលដ្ឋានសង្កាត់បឹងកក់ទី១ មាន ០១ទីតាំង ដេប៉ូស្តុកសម្រាមនៅផ្លូវលេខ៥២៨

   មូលដ្ឋានសង្កាត់បឹងកក់ទី២ មាន ០១ទីតាំង ដេប៉ូស្តុកសម្រាមនៅផ្លូវលេខ ៥៨៦ (ផ្សារទួលគោក)

   មូលដ្ឋានសង្កាត់ផ្សារដើមគរ មាន ០៣ទីតាំង

-ដេប៉ូស្តុកសម្រាមផ្សារដើមគរ

-ដេប៉ូកសម្រាមផ្សារនាគមាស 

-ដេប៉ូស្តុកសម្រាម ផ្លូវលេខ២៣០ (ជាប់របងម៉ុងឌីយ៉ាល់)


     គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះបីជាបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមក៏ដោយនោះ តែសម្រាប់មូលដ្ឋានខណ្ឌទួលគោក បានចេញចំណាត់ការភ្លាមៗ និងជាបន្តបន្ទាប់ដឹកសំរាមចេញ មិនឲ្យមានការគរទុកចោលនោះទេ។


     ក្រោយចំណាត់ការរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនមធ្យោបាយដឹកជញ្ជូន រួមជាមួយគ្រឿងចក្រកម្លាំងគណៈកម្មការផ្សារបានរក្សាស្ថានភាពមិនឲ្យបញ្ហាសំរាម ប៉ះពាល់ដល់ការលក់ដូរ ចំពោះបងប្អូនអាជីវករនោះទេ។ ម្យ៉ាងទៀតសំរាមក្នុងដេប៉ូទាំងអស់ ត្រូវបានដឹកចេញជាស្ថាពរតាមការគ្រោង៕

Post a Comment

0 Comments