KSNEWS

KSNEWS

នគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា ដោយសារជម្លោះក្នុងវង់ផឹកស៊ី










ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា និង ជាមិត្តភក្តិគ្នាផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី។


សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសរូបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


សមត្ថកិច្ច បានប្រាប់អោយដឹងថា ជនសង្ស័យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា ។


យោងតាមរបាយការណ៍កំណត់ហេតុរបស់នគរបាលបានអោយដឹងថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ ។ លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើអោយជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន ។


ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។


បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដហឋានគរបាលខណ្ឌពោធិ៍សែនជ័យ  ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

Post a Comment

0 Comments